ព្រះត្រៃបិដក ភាគ ១៨
សួរថា ម្នាលអាវុសោកោរក្ខត្តិយៈ អ្នកដឹងគតិរបស់ខ្លួនឬទេ។ ម្នាលភគ្គវៈ សម័យនោះឯង សាកសពអចេលកោរក្ខត្តិយៈ យកដៃបោសខ្នង ក្រោកឡើងប្រាប់ថា ម្នាលអាវុសោសុនក្ខត្តៈ ខ្ញុំដឹងគតិរបស់ខ្ញុំថា ខ្ញុំបានមកកើតក្នុងពួកអសុរឈ្មោះកាលកញ្ជិកៈហើយ ជាអសុរកាយថោកទាបជាងគេទាំងអស់
(១) ដូច្នេះរួចហើយ ក៏ដួលដេកផ្ងារស្រទាង ក្នុងទីនោះទៅវិញ។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ ក៏ចូលមករកតថាគត លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីសមគួរ។ ម្នាលភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ តថាគតក៏សួរយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តថាគតបានប្រារព្ធព្យាករណ៍ នូវអចេលកោរខត្តិយៈ ប្រាប់អ្នកយ៉ាងណាមិញ វិបាកនោះ ក៏ពិតដូច្នោះមែន មិនបានទៅជាខុសវិញទេឬ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ទូលតបមកវិញថា
(១) អដ្ឋកថា ថា សាកសពអចេលកោរក្ខត្តិយៈ ដែលស្លាប់ហើយ ត្រឡប់ក្រោកឡើង និយាយតបមកនឹងសុនក្ខត្តលិច្ឆវិបុត្រវិញបាននេះ ក៏ដោយអានុភាពរបស់ព្រះពុទ្ធជាម្ចាស់។ មានដំណាលថា ព្រះមានព្រះភាគ បាននាំយកអចេលកោរក្ខត្តិយៈ ពីកំណើតអសុរកាយ មកបញ្ចូលក្នុងរូបខ្មោចអចេលនោះ ឲ្យនិយាយកើត ព្រោះហេតុនោះ បានជាខ្មោចអចេលកោរក្ខត្តិយៈ និយាយបាន
ID: 636817144053868677
ទៅកាន់ទំព័រ៖