ព្រះត្រៃបិដក ភាគ ១៨
ប្រមាណមិនបាន ជាចិត្តឥតមានចងពៀរ ឥតមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះហេតុប្រៀបផ្ទឹមខ្លួន ឲ្យស្មើនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុឲ្យចំរើន) ភោគៈរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) កំឡាំងរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានត្រាស់ដឹង បានធ្វើជាក់ច្បាស់ ដោយខ្លួនឯង នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ននេះ ហើយសម្រាកសម្រាន្ត ដោយឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុឲ្យចំរើន) កំឡាំងរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមើល មិនឃើញកំឡាំងដទៃ សូម្បីតែកំឡាំង១ ដែលបុគ្គលគ្របសង្កត់បានដោយក្រ ឲ្យដូចជាកំឡាំងនៃមារនេះឡើយ ម្នាលភិក្ខុទាំងឡាយ បុណ្យនេះ តែងចំរើនឡើងយ៉ាងនេះ ព្រោះហេតុសមាទាន នូវកុសលធម៌ទាំងឡាយ។ លុះព្រះមានព្រះភាគ ទ្រង់សំដែង នូវព្រះសូត្រនេះចប់ហើយ។ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ ចក្កវត្តិសូត្រ ទី៣។
ID: 636817217056004160
ទៅកាន់ទំព័រ៖