ព្រះត្រៃបិដក ភាគ ១៨
គាល់ព្រះមានព្រះភាគ ក្រែងលោយើងនឹងបានស្តាប់ធម្មីកថា ចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ។ ភារទ្វាជសាមណេរ ក៏បានទទួលស្តាប់ពាក្យវាសេដ្ឋសាមណេរ ថា អើអាវុសោ។ គ្រានោះឯង វាសេដ្ឋសាមណេរ និងភារទ្វាជសាមណេរ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏ដើរតាមព្រះមានព្រះភាគ ដែលកំពុងចង្ក្រម។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល នឹងវាសេដ្ឋសាមណេរថា ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ អ្នកទាំងឡាយ ជាជាតិព្រាហ្មណ៍ ជាត្រកូលព្រាហ្មណ៍ បានលះបង់ត្រកូលព្រាហ្មណ៍ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ចុះពួកព្រាហ្មណ៍ដ៏ប្រសើរ មិនជេរ មិនប្រទេចអ្នកទាំងឡាយទេឬ។ វាសេដ្ឋសាមណេរ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ ជេរប្រទេចយើងទាំងឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ចុះពួកព្រាហ្មណ៍ ជេរប្រទេចអ្នកទាំងឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ តើដូចម្តេច។ វាសេដ្ឋសាមណេរក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍និយាយយ៉ាងនេះថា មានតែព្រាហ្មណ៍
ID: 636817218239461850
ទៅកាន់ទំព័រ៖