ព្រះត្រៃបិដក ភាគ ១៨
បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ប្រារព្ធព្យាករណ៍ នូវអចេលកោរក្ខត្តិយៈ ប្រាប់ខ្ញុំព្រះអង្គយ៉ាងណា វិបាកនោះ ក៏ពិតដូច្នោះមែន មិនមែនផ្សេងទេ។ តថាគតសួរថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច បើហេតុយ៉ាងនេះមានហើយ តើតថាគត ឈ្មោះថាបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែងជាងធម៌របស់មនុស្សហើយ ឬមិនមែនបានធ្វើទេ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ឈ្មោះថា ព្រះអង្គបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែង ជាងធម៌របស់មនុស្សពិតមែនហើយ។ មិនមែនថាព្រះអង្គមិនធ្វើទេ។ តថាគតនិយាយតបថា ម្នាលមោឃបុរស កាលបើដូច្នោះមែន (ចុះដូចម្តេច) ក៏អ្នកនិយាយនឹងតថាគត ដែលជាអ្នកធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែងជាងធម៌របស់មនុស្ស យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ពិតជាមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែងជាងធម៌របស់មនុស្ស ដល់ខ្ញុំព្រះអង្គទេ ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះ ជាកំហុសរបស់អ្នក។ ម្នាលភគ្គវៈ ឯសុនក្ខត្តលិច្ឆវិបុត្រ កាលតថាគតស្តីឲ្យយ៉ាងនេះ ក៏គេចចេញចាកធម្មវិន័យនេះបាត់ទៅ ដូចជាសត្វដែលទៅកើតក្នុងអបាយ ឬទៅកើតក្នុងនរក។
ID: 636817144313003499
ទៅកាន់ទំព័រ៖