ព្រះត្រៃបិដក ភាគ ១៨
និងភារទ្វាជៈ បើជនណាមានសទ្ធា គឺការជឿស្លុងចុះស៊ប់ហើយ មានឫសដុះតាំងខ្ជាប់មំាមួន ក្នុងតថាគត ទោះបីសមណព្រាហ្មណ៍ ទេវតា ព្រហ្ម ឬនរណាមួយ ក្នុងលោក ក៏មិនអាចនឹងបំបែរ ឲ្យត្រឡប់បានឡើយ ជននោះគួរនិយាយ យ៉ាងនេះថា ខ្ញុំជាបុត្រ ជាឱរស នៃព្រះមានព្រះភាគ កើតមកអំពីព្រះឱស្ឋ របស់ព្រះមានព្រះភាគ កើតមកអំពីធម៌ ធម៌តាក់តែងមក ជាទាយាទរបស់ធម៌។ ព្រោះហេតុអ្វី បានជាតថាគត ថាដូច្នោះ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះពាក្យថា ធម្មកាយ ដូច្នេះក្តី ព្រហ្មកាយ ដូច្នេះក្តី ធម្មភូតដូច្នេះក្តី ព្រហ្មភូតដូច្នេះក្តី ជាឈ្មោះរបស់តថាគត។
[៥៦] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសម័យដែលលោកនេះត្រូវវិនាសម្តងៗ ដោយការកន្លងកាល ជាយូរអង្វែង កាលដែលលោកកំពុងតែវិនាសទៅ មានពួកសត្វបានទៅកើតក្នុងអាភស្សរព្រហ្ម ដោយច្រើន ពួកសត្វទាំងនោះ ជាអ្នកកើត ដោយឈានចិត្ត
(១) មានបីតិជាអាហារ
(២) មានរស្មីភ្លឺចេញឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងវិមានដ៏ល្អ
(១) អដ្ឋកថា ថា ក្នុងបឋមកប្ប ពួកសត្វទាំងនោះ សូម្បីមកកើតក្នុងមនុស្សលោកនេះ ក៏គង់កើតជាឱបបាតិកកំណើត គឺកើតតាមចិត្តបាន។ (២) សត្វទាំងនោះ មានបីតិជាអាហារ ក្នុងមនុស្សលោកនេះ ដូចព្រហ្មក្នុងព្រហ្មលោកនោះដែរ។
ID: 636817221177389890
ទៅកាន់ទំព័រ៖