ព្រះត្រៃបិដក ភាគ ១៨

ដោយ​ប្រការ​យ៉ាង​ណាៗ​ ​សេចក្តី​រឹងប៉ឹង​ ​ក្នុង​រាងកាយ​របស់​សត្វ​ទាំងនោះ​ ​ក៏​កើតឡើង​ទាំង​ពណ៌​សម្បុរ​ក៏​ប្លែក​ៗ​គ្នា​ ​ប្រាកដ​ឡើង​ ​ដោយ​ប្រការ​យ៉ា​ងនោះៗ​។​ ​សត្វ​ពួក​ខ្លះ​មាន​សម្បុរ​ល្អ​ ​សត្វ​ពួក​ខ្លះ​មាន​សម្បុរ​អាក្រក់​។​ ​បណ្តា​សត្វ​ទាំងពីរ​ពួក​នោះ​ ​ពួក​សត្វ​ណា​ ​ដែល​មាន​សម្បុរ​ល្អ​ ​ពួក​សត្វ​នោះ​ ​តែង​មើលងាយ​ពួក​សត្វ​ ​ដែល​មាន​សម្បុរ​អាក្រក់​ថា​ ​ពួក​យើង​មាន​សម្បុរ​ល្អ​ ​លើស​ជាង​ពួក​សត្វ​នុ៎ះ​ ​ពួក​សត្វ​នុ៎ះ​ ​មាន​សម្បុរ​អាក្រក់​ ​ជាង​ពួក​យើង​។​ ​កាល​សត្វ​ទាំងនោះ​ ​មាន​សេចក្តី​ប្រកាន់ខ្លួន​ ​និង​ការ​មើលងាយ​កើតឡើង​ ​ព្រោះ​បច្ច័យ​ ​នៃ​សេចក្តី​មើលងាយ​ ​នូវ​សម្បុរ​គ្នា​ ​ផែនដី​ដែល​មាន​រស​ ​ក៏​សាបសូន្យ​អស់​ទៅ​។​ ​លុះ​ផែនដី​ដែល​មាន​រស​ ​សាបសូន្យ​ហើយ​ ​សត្វ​ទាំងឡាយ​ក៏​ប្រជុំ​គ្នា​ ​លុះ​មក​ប្រជុំ​គ្នា​ហើយ​ ​ក៏​ត្អូញត្អែរ​ថា​ ​ឱ​ ​រស​ ​(​ឆ្ងាញ់​របស់​យើង​)​ ​ឱ​ ​រស​ ​(​ឆ្ងាញ់​របស់​យើង​)​។​ ​ហេតុ​នោះ​ ​ក៏​ដូចគ្នា​ ​នឹង​មនុស្ស​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ដែរ​ ​ដែល​បាន​វត្ថុ​អ្វីមួយ​ ​មាន​រស​ឆ្ងាញ់​ហើយ​ ​តែង​នាំគ្នា​លាន់មាត់​ ​យ៉ាងនេះ​ថា​ ​ឱ​ ​រស​ ​(​ឆ្ងាញ់​របស់​យើង​)​ ​ឱ​ ​រស​ ​(​ឆ្ងាញ់​របស់​យើង​)​។​ ​សត្វ​ទាំងឡាយ​ ​នាំគ្នា​នឹក​រក​អក្ខរៈ​ ​ដែល​ជា​ច្បាប់​ចាស់​(​១​)​ ​នោះ​ឯង​ ​ប៉ុន្តែ​មិន​អាច​នឹង​យល់​សេចក្តី​ ​នៃ​អក្ខរៈ​នោះ​បាន​ឡើយ​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ដល់​សំដី​ជា​វង្ស​ ​ដែល​កើតឡើង​សម្រាប់​លោក​។​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636817222375228403
ទៅកាន់ទំព័រ៖