ព្រះត្រៃបិដក ភាគ ១៨
[៥៨] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះផែនដីមានរសរបស់សត្វទាំងនោះ សាបសូន្យអស់ ទៅហើយ ក្រមរផែនដី ក៏កើតប្រាកដឡើង។ ក្រមរផែនដីនោះ កើតប្រាកដឡើង ដូចជាផ្សិត។ ក្រមរផែនដីនោះ បរិបូណ៌ដោយសម្បុរ មានក្លិន(ក្រអូប) មានរស(ឆ្ងាញ់) មានពណ៌ ដូចជាសប្បិសុទ្ធ ឬដូចជា នវនីតសុទ្ធ មានរស(ឆ្ងាញ់ពិសា) ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែលឥតទោស (គ្មានកូនឃ្មុំ) ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វទាំងឡាយនោះ ក៏នាំគ្នាបរិភោគក្រមរផែនដី កាលសត្វ ទាំងនោះ នាំគ្នាបរិភោគក្រមរផែនដី យកក្រមរផែនដីនោះជាចំណី យកក្រមផែនដីនោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលពួកសត្វទាំងនោះ នាំគ្នាបរិភោគក្រមរផែនដី យកក្រមរផែនដីនោះ ជាចំណី យកក្រមផែនដីនោះ ជាអាហារ ឋិតនៅអស់កាល ជាយូរអង្វែង ដោយប្រការយ៉ាងណាៗ សេចក្តីរឹងប៉ឹង ក្នុងរាងកាយរបស់សត្វទាំងនោះ ក៏កើតដោយក្រៃលែងលើសប្រមាណ ពណ៌សម្បុរក៏ប្លែកៗគ្នាប្រាកដឡើង ដោយប្រការយ៉ាងនោះៗ។ សត្វពួកខ្លះមានសម្បុរល្អ សត្វពួកខ្លះ មានសម្បុរអាក្រក់។ បណ្តាសត្វទាំងពីរពួកនោះ
ID: 636817222718238022
ទៅកាន់ទំព័រ៖