ព្រះត្រៃបិដក ភាគ ១៨
យកចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគសោះ នែសត្វអើយ ឯងកុំធ្វើអំពើបែបនេះទៀតឡើយ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះបានទទួលតបពាក្យ របស់ពួកសត្វទាំងនោះថា អើអ្នកដ៏ចំរើន។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ (លួចយកចំណែករបស់អ្នកដទៃ) ជាគំរប់ពីរដងផង។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះបានលាក់សំចៃចំណែករបស់ខ្លូនទុក លួចយកចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគជាគំរប់បីដងផង។ សត្វទាំងឡាយ ក៏បានចាប់សត្វនោះ លុះចាប់បានហើយក៏ស្តីឲ្យដូច្នេះថា ឱសត្វអើយ ឯងធ្វើអំពើអាក្រក់ណាស់ មិនគួរបើឯងលាក់សំចៃរបស់ខ្លួនទុក លួចយកចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគសោះ នែសត្វអើយ ឯងកុំធ្វើអំពើបែបនេះទៀតឡើយ។ ពួកសត្វខ្លះតប់ទះ (សត្វនោះ) នឹងដៃ ពួកសត្វខ្លះចោលនឹងដុំដី ពួកសត្វខ្លះវាយនឹងតម្បង។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ការលួចទ្រព្យគេ ក៏ប្រាកដឡើង ការតិះដៀល ក៏ប្រាកដឡើង ការនិយាយកុហក ក៏ប្រាកដឡើង ការដាក់អាជ្ញា ក៏បា្រកដឡើង តាំងពីកាលនោះជាដើមមក។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង ពួកសត្វទាំងនោះ មកប្រជុំគ្នា លុះប្រជុំគ្នាហើយ ក៏ត្អូញត្អែថា
ID: 636817225988235055
ទៅកាន់ទំព័រ៖