ព្រះត្រៃបិដក ភាគ ១៨
ពេលនោះឯង ភគ្គវគោត្របរិព្វាជក បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ស្តេចមកបពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ស្តេចមកល្អហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ធ្វើនូវបរិយាយនេះ ដើម្បីនិមន្តមកក្នុងទីនេះ អស់កាលយូរហើយ
(១) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានបុណ្យស្តេចគង់ នេះឯងជាអាសនៈ ដែលខ្ញុំព្រះអង្គក្រាលបម្រុងទុក។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលបរិព្វាជកបានក្រាលទុក។ ចំណែកខាងភគ្គវគោត្របរិព្វាជក បានកាន់យកអាសនៈដ៏ទាបមួយ អង្គុយក្នុងទីសមគួរ។ លុះភគ្គវគោត្របរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កាលពីថ្ងៃមុន យូរថ្ងៃណាស់មកហើយ លិច្ឆវិបុត្រឈ្មោះសុនក្ខត្តៈ បានចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា បពិត្រអ្នកជាភគ្គវគោត្រ ឥឡូវនេះ ខ្ញុំបោះបង់ព្រះមានព្រះភាគហើយ បពិត្រអ្នកជាភគ្គវគោត្រ ឥឡូវនេះ ខ្ញុំមិនបាននៅពឹងផ្អែក នឹងព្រះមានព្រះភាគទេ បពិត្រព្រះអង្គដ៏ចំរើន សុនក្ខត្តលិច្ឆវិបុត្រ បានក្រាបទូលព្រះអង្គយ៉ាងនុ៎ះមែនឬទេ។
(១) បានសេចក្តីថា ព្រះអង្គខាននិមន្តមក ក្នុងទីនេះយូរណាស់ហើយ។
ID: 636817139867179212
ទៅកាន់ទំព័រ៖