ព្រះត្រៃបិដក ភាគ ១៨
ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែលនឹងមានក្នុងខាងមុខ អ្នកបានកំណត់នូវព្រះហឫទ័យរបស់ ព្រះអរហន្ត សម្មាសម្ពុទ្ធមានព្រះភាគទាំងអស់នោះ ដោយចិត្ត (របស់ខ្លួន)ថា ព្រះមានព្រះភាគទាំងនោះ នឹងមានសីលយ៉ាងនេះក្តី និងមានធម៌យ៉ាងនេះក្តី ដែរឬ។ នឹងមានបញ្ញាយ៉ាងនេះ។ នឹងមានវិហារធម៌យ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ នឹងមានវិមុត្តិយ៉ាងនេះ ដូច្នេះៗ ដែរឬ។ ព្រះសារីបុត្តក្រាបបង្គំទូលថា ដំណើរនុ៎ះ មិនមែនដូច្នោះទេ ព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ តថាគត ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ អ្នកបានកំណត់នូវចិត្តរបស់តថាគត ដោយចិត្ត (របស់ខ្លួន) ថា ព្រះមានព្រះភាគ មានសីលយ៉ាងនេះក្តី មានធម៌យ៉ាងនេះក្តី។ មានបញ្ញាយ៉ាងនេះ។ មានវិហារធម៌យ៉ាងនេះ។ ព្រះមានព្រះភាគ មានវិមុត្តិយ៉ាងនេះ ដូច្នេះៗដែរឬ។ ព្រះសារីបុត្ត ក្រាបបង្គំទូលថា ដំណើរនុ៎ះ មិនមែនដូច្នោះទេ ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ អ្នកមិនមានចេតោបរិយញ្ញាណ គឺប្រាជ្ញាជាគ្រឿងកំណត់ដឹងនូវចិត្ត ក្នុងព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយនេះ ដែលជាអតីត អនាគត បច្ចុប្បន្នទេ កាលបើមិនមាន
ID: 636817232197320194
ទៅកាន់ទំព័រ៖