ព្រះត្រៃបិដក ភាគ ១៨
ទ្រង់លះនូវនីវរណៈទាំង៥ប្រការ ជាឧបក្កិលេស របស់ចិត្ត ជាគ្រឿងធ្វើបញ្ញាឲ្យទុព្វភាព មានព្រះហឫទ័យតាំងខ្ជាប់ល្អ ក្នុងសតិប្បដ្ឋានទាំង៤ បានចំរើននូវសម្ពោជ្ឈង្គទាំង៧ តាមគួរដល់សេចក្តីពិត បានត្រាស់ដឹង នូវព្រះអនុត្តរសម្មាសម្ពោធិញ្ញាណដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានចូលមកគាល់ព្រះមានព្រះភាគ ក្នុងទីនេះ ដើម្បីស្តាប់ធម៌។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដ៏ប្រសើរថ្លាថ្លា ព្រមទាំងគ្រឿងប្រៀបធៀប ទាំងចំណែកខ្មៅ ទាំងចំណែកស ដល់ខ្ញុំព្រះអង្គ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដ៏ប្រសើរថ្លាថ្លា ព្រមទាំងគ្រឿងប្រៀបធៀប ទាំងចំណែកខ្មៅ ទាំងចំណែកស ដោយប្រការយ៉ាងណាៗ ខ្ញុំព្រះអង្គ បានដឹងក្នុងធម៌នោះ បានចូលចិត្តធម៌ពួកខ្លះក្នុងធម៌ទាំងឡាយ ក៏ជ្រះថ្លាក្នុងព្រះសាស្តា ដោយប្រការយ៉ាងនោះៗថា ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹងប្រពៃហើយ ព្រះធម៌ដែលព្រះមានព្រះភាគ ពោលទុកប្រពៃហើយ ព្រះសង្ឃលោកប្រតិបត្តិប្រពៃហើយ ដូច្នេះ។
ID: 636817233034038052
ទៅកាន់ទំព័រ៖