ព្រះត្រៃបិដក ភាគ ១៨
[៧៥] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងកុសលធម៌ទាំងឡាយ ដោយទេសនាណ ទេសនានុ៎ះ ប្រសើរក្រៃលែង បណ្តាធម៌ទាំងនោះ កុសលធម៌នោះតើដូចម្តេច កុសលធម៌នោះ គឺសតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ៨។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យច្បាស់នូវចេតោវិមុត្ត និងបញ្ញាវិមុត្ត មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវទេសនានោះ ឥតមានសល់ កាលព្រះមានព្រះភាគ ជ្រាបច្បាស់នូវទេសនានោះ ឥតមានសេសសល់ហើយ ក៏នឹងរកបុគ្គលដែលគួរដឹងច្បាស់ជាងព្រះអង្គនោះទៅទៀតគ្មាន សមណៈ ឬព្រាហ្មណ៍ឯទៀត កាលបើដឹង ក៏នឹងដឹងជាងព្រះមានព្រះភាគ ក្នុងកុសលធម៌ទាំងឡាយ មិនមានដែរ។
ID: 636817233266511348
ទៅកាន់ទំព័រ៖