ព្រះត្រៃបិដក ភាគ ១៨
នឹកដល់វិតក្កៈ ឈ្មោះនេះ មិនមានចន្លោះ ទោះបីបុគ្គលនោះ ទាយច្រើនទៅទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែនជាយ៉ាងដទៃទេ។ បពិត្រព្រះអង្គដ៏ចំរើន នេះចាត់ជាអាទេសនវិធីទី៤។ បពិត្រព្រះអង្គដ៏ចំរើន នេះជាអាទេសនាដ៏ប្រសើរ ក្នុងអាទេសនវិធីទាំងឡាយ។
[៧៩] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងទស្សនសមាបត្តិ
(១) ទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ទស្សនសមាបត្តិទាំងនេះមាន៤យ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដំកល់មំា អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យសេចក្តីមិនប្រមាទ អាស្រ័យសេចក្តីធ្វើទុកក្នុងចិត្តដោយប្រពៃ កាលបើចិត្តខ្ជាប់ខ្ជួនហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ ក៏ពិចារណាឃើញនូវកាយនេះឯង ខាងលើតាំងពីបាទជើងឡើងមក ខាងក្រោមតាំងពីចុងសក់ចុះទៅ មានស្បែករុំព័ទ្ធពីក្រៅ ដែលពេញទៅដោយរបស់មិនស្អាត មានប្រការផ្សេងៗ មាននៅក្នុងកាយនេះ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង
(១) អដ្ឋកថា ថា សំដៅយកបឋមជ្ឈានសមាបត្តិ ដែលព្រះយោគីធ្វើទុកក្នុងចិត្ត ចំពោះអាការ ៣២ មានសក់ជាដើមឲ្យកើតឡើង ដោយបដិកូល។
ID: 636817235111526877
ទៅកាន់ទំព័រ៖