ព្រះត្រៃបិដក ភាគ ១៨
សុនក្ខត្តលិច្ឆវិបុត្រ ចូលមករកតថាគត លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីសមគួរ។ ភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ តថាគតក៏បានសួរយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច តថាគត បានប្រារព្ធព្យាករណ៍ នូវអចេលកឡារមជ្ឈកៈប្រាប់អ្នកយ៉ាងណា វិបាកនោះ ក៏ពិតដូច្នោះមែន មិនមែនទៅជាផ្សេងវិញទេឬ។ ឯសុនក្ខត្តលិច្ឆវិបុត្រ បានឆ្លើយតបថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ប្រារព្ធព្យាករណ៍ នូវអចេលកឡារមជ្ឈកៈប្រាប់ខ្ញុំព្រះអង្គយ៉ាងណា វិបាកនោះ ក៏ពិតដូច្នោះមែន មិនមែនទៅជាផ្សេងវិញទេ។ តថាគត ក៏និយាយថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ តើឈ្មោះថា តថាគតបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សហើយ ឬថាមិនបានធ្វើទេ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ឈ្មោះថា ព្រះអង្គបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សពិតមែនហើយ មិនមែនថាព្រះអង្គមិនធ្វើទេ។
ID: 636817145602917278
ទៅកាន់ទំព័រ៖