ព្រះត្រៃបិដក ភាគ ១៨
ច្រើនជាង១០០ជាតិខ្លះ ច្រើនជាង១ពាន់ជាតិខ្លះ ច្រើនជាង១សែនជាតិខ្លះ ដូច្នេះថា អាត្មាអញ កើតក្នុងភពឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ។ បុគ្គលនោះ រមែងរលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មាអញ តែងដឹងនូវអតីតកាលថា លោកវិនាស ឬលោកចំរើន ដូច្នេះ។ អាត្មាអញ តែងដឹងនូវអនាគតកាលថា លោកនឹងវិនាស ឬលោកនឹងចំរើនដូច្នេះ។ បុគ្គលនោះ និយាយថា ខ្លួន និងលោកជាសភាពទៀងទាត់ ផុតពូជធារ ឋិតនៅដូចភ្នំ ឋិតនៅដូចសសរគោល ចំណែកសត្វទាំងឡាយនោះ តែងត្រាច់ទៅ អន្ទោលទៅ ច្យុតកើតមាននៅប្រាកដស្មើ ដូចសស្សតិវត្ថុ។ នេះជាសស្សតវាទទី១។
ID: 636817239086284220
ទៅកាន់ទំព័រ៖