ព្រះត្រៃបិដក ភាគ ១៨
ស្មើៗ នឹងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ។ បពិត្រព្រះអង្គដ៏ចំរើន បើមានអ្នកផងសួរ យ៉ាងនេះថា ព្រះសារីបុត្រមានអាយុ ព្រោះហេតុអ្វី បានជាដឹងខ្លះ មិនដឹងខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវព្យាករយ៉ាងនេះថា ម្នាលអ្នកមានអាយុ ពាក្យនេះ អាត្មាបានស្តាប់ ចំពោះព្រះភក្ត្រ បានទទួល ចំពោះព្រះភក្ត្រព្រះមានព្រះភាគ យ៉ាងនេះថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយ ក៏មានញាណស្មើៗនឹងតថាគត ក្នុងការត្រាស់ដឹងដូច្នេះ ម្នាលអ្នកដ៏មានអាយុ ពាក្យនេះ អាត្មាបានស្តាប់ ចំពោះព្រះភក្ត្រ បានទទួល ចំពោះព្រះភក្ត្រព្រះមានព្រះភាគ មកហើយថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ក្នុងកាលមិនទាន់មានមក នឹងមានញាណស្មើៗនឹងតថាគត ក្នុងការត្រាស់ដឹងដូច្នេះ ម្នាលអ្នកដ៏មានអាយុ ពាក្យនេះ អាត្មាបានស្តាប់ ចំពោះព្រះភក្ត្រ បានទទួល ចំពោះព្រះភក្ត្រព្រះមានព្រះភាគ យ៉ាងនេះថា មានព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ២ព្រះអង្គ ត្រាស់ដឹងក្នុងលោកធាតុមួយ មិនមុនមិនក្រោយ (ដំណាលគ្នា) ដំណើរនេះ មិនមែនជាឋានៈ គឺមិនមានហេតុ ជាទំនងដូច្នោះទេ។
ID: 636817242631737009
ទៅកាន់ទំព័រ៖