ព្រះត្រៃបិដក ភាគ ១៨
សេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ បានប្រកាសទុកហើយ ទាំងពួកសាវ័ក របស់ព្រះសាស្តានោះ បានយល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្មហើយ ព្រះសាស្តា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវព្រហ្មចរិយធម៌ ដ៏បរិបូណ៌គ្រប់គ្រាន់ ធ្វើឲ្យងាយហើយ ធ្វើដោយបទចងក្រងសព្វគ្រប់ហើយ ធ្វើឲ្យជាធម៌ គួរណែនាំគ្នាបានហើយ ដរាបតែពួកទេវតា និងមនុស្ស ក៏សំដែងបាន ដោយប្រពៃ ទើបព្រះសាស្តា របស់សាវ័កទាំងនោះ អន្តរធានទៅ។ ម្នាលចុន្ទ សាស្តា មានសភាពយ៉ាងនេះឯង ឈ្មោះថា ធ្វើមរណកាល មិនឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយ ដល់ពួកសាវ័ក។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា (ពួកសាវ័កទាំងនោះ មានសេចក្តីត្រេកអរយ៉ាងនេះថា) ព្រះសាស្តា ជាអរហន្ត សម្មាសម្ពុទ្ធ បានកើតឡើងហើយក្នុងលោក ទាំងធម៌សោត ក៏ព្រះសាស្តា បានសំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ បានប្រកាសទុកហើយ ពួកយើងសោត ក៏បានយល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្មហើយ ព្រះសាស្តា បានធ្វើឲ្យច្បាស់ នូវព្រហ្មចរិយធម៌ ដ៏បរិបូណ៌ទាំងអស់ បានធ្វើឲ្យងាយហើយ បានធ្វើដោយបទ ចងក្រងសព្វគ្រប់ហើយ បានធ្វើឲ្យជាធម៌ គួរណែនាំគ្នាបានហើយ ដរាបតែពួកទេវតា និងមនុស្ស ក៏សំដែងបាន ដោយប្រពៃ ទើបព្រះសាស្តា បាត់បង់ទៅ។
ID: 636817247849735461
ទៅកាន់ទំព័រ៖