ព្រះត្រៃបិដក ភាគ ១៨
ជាព្យញ្ជនៈស្រួលជាង។ អ្នកទាំងឡាយ មិនត្រូវលើក មិនត្រូវបង្អាប់គេឡើយ។ លុះមិនលើក មិនបង្អាប់ហើយ គួរពន្យល់គេដោយស្រួលបួល ដើម្បីចាំទុកនូវពួកព្យញ្ជនៈនោះ។
[១១២] ម្នាលចុន្ទ បើសង្ឃជាសព្រហ្មចារីដទៃទៀត និយាយធម៌ ក្នុងការនិយាយនោះ បើអ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា លោកដ៏មានអាយុនេះឯង កាន់យកនូវអត្ថ ក៏ត្រឹមត្រូវ សំដែងនូវពួកព្យញ្ជនៈ ក៏ត្រឹមត្រូវ។ អ្នកទាំងឡាយ ត្រូវត្រេកអរ ត្រូវអនុមោទនា ចំពោះភាសិត របស់ភិក្ខុនោះថា សាធុ ដូច្នេះ។ លុះត្រេកអរ អនុមោទនា ចំពោះភាសិត របស់ភិក្ខុនោះថា សាធុ ដូច្នេះហើយ ត្រូវនិយាយនឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលអាវុសោ ជាលាភរបស់ពួកយើង ម្នាលអាវុសោ ពួកយើងបានស្រួលហើយ ពួកយើងរលឹកនូវលោកដ៏មានអាយុថា សព្រហ្មចារីប្រាកដដូចជាលោក ដែលជាអ្នកដឹងច្បាស់ នូវអត្ថ ដឹងច្បាស់នូវព្យញ្ជនៈយ៉ាងនេះ។
ID: 636817252035644881
ទៅកាន់ទំព័រ៖