ព្រះត្រៃបិដក ភាគ ១៨
ម្នាលចុន្ទ មួយទៀត ព្រោះនឿយណាយចាកបីតិ។បេ។ ភិក្ខុដល់នូវតតិយជ្ឈាន នេះឈ្មោះថា សុខល្លិកានុយោគទី៣។ ម្នាលចុន្ទ មួយទៀត ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង។បេ។ ភិក្ខុដល់នូវចតុត្ថជ្ឈាន នេះឈ្មោះថា សុខល្លិកានុយោគទី៤។ ម្នាលចុន្ទ សុខល្លិកានុយោគទាំង៤យ៉ាងនេះឯង ទើបប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីសេចក្តីប្រាសចាករាគៈ ដើម្បីសេចក្តីរំលត់ទុក្ខ ដើម្បីសេចក្តីរម្ងាប់ ដើម្បីសេចក្តីដឹងក្រៃលែង ដើម្បីសេចក្តីត្រាស់ដឹង ដើម្បីព្រះនិព្វាន ដោយចំណែកមួយ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ សមជានិយាយយ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តិយ៍ ជាអ្នកប្រកបរឿយៗ នូវសុខល្លិកានុយោគទាំង៤យ៉ាងនេះឯង។ ពួកអ្នកទាំងឡាយ គួរនិយាយទៅនឹងពួកបរិព្វាជកទាំងនោះថា យ៉ាងហ្នឹងហើយ ពួកគេ កាលនិយាយឲ្យអ្នកទាំងឡាយ ឈ្មោះថា និយាយដោយត្រូវ ពួកគេមិនមែននិយាយបង្កាច់អ្នកទាំងឡាយ ដោយមិនមានមែន ដោយមិនពិតទេ។
ID: 636817254040539555
ទៅកាន់ទំព័រ៖