ព្រះត្រៃបិដក ភាគ ១៨
មានសញ្ញោជនៈប្រព្រឹត្តទៅ ក្នុងភពអស់ហើយ ជាអ្នកផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះឈប់ប្រព្រឹត្តកន្លង នូវហេតុទាំង៩យ៉ាងនេះឯង។
[១១៨] ម្នាលចុន្ទ ហេតុជាទីតាំងរមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ព្រះសមណគោតម រមែងបញ្ញត្តញាណទស្សនៈដ៏លើសលុប ព្រោះប្រារព្ធនូវអតីតកាល ប៉ុណ្ណោះ មិនបញ្ញត្តញាណទស្សនៈដ៏លើសលុប ព្រោះប្រារព្ធនូវកាលជាអនាគតឡើយ ការមិនបញ្ញត្តិនោះ ព្រោះហេតុអ្វី ការមិនបញ្ញតិ្តដូច្នោះ ព្រោះហេតុដូចម្តេច។ ឯពួកបរិព្វាជក ជាអន្យតិរ្ថិយដទៃនោះ រមែងសំគាល់ នូវពាក្យដែលគួរបញ្ញត្ត នូវហេតុមិនមែនជាញាណទស្សនៈ ដែលឃ្វាងទៅកាន់ទីដទៃ ដោយញាណទស្សនៈ ដែលបែរទៅកាន់ទីដទៃ ប្រៀបដូចជាពួកជនពាល ជាអ្នកមិនវាងវៃដូច្នោះឯង។ ម្នាលចុន្ទ តថាគត រមែងមានសតានុសារិញ្ញាណ
(១) ប្រារព្ធតែកាលដែលកន្លងទៅហើយ តថាគតនោះ ប្រាថ្នាហេតុ មានប្រមាណណា ក៏នឹកតាមនូវហេតុ មានប្រមាណប៉ុណ្ណោះបាន ឯញាណដែលកើតអំពីការត្រាស់ដឹង ប្រារព្ធកាលជាអនាគត ក៏កើតឡើងដល់តថាគតថា ឥឡូវនេះ ជាតិនេះ ជាជាតិទីបំផុតហើយ ការកើតតទៅទៀត មិនមានទេ។
(១) អដ្ឋកថា ថា ញាណដែលសម្បយុត្តដោយបុព្វេនិវាសានុស្សតិ។
ID: 636817255881434848
ទៅកាន់ទំព័រ៖