ព្រះត្រៃបិដក ភាគ ១៨
សុខនិងទុក្ខ ជាធម្មជាតមិនទៀង។ សុខនិងទុក្ខ ជាធម្មជាតទៀងខ្លះ មិនទៀងខ្លះ។ សុខនិងទុក្ខ ជាធម្មជាតទៀងក៏មិនមែន មិនទៀងក៏មិនមែន។ សុខនិងទុក្ខ ខ្លួនឯងធ្វើ។ សុខនិងទុក្ខ អ្នកដទៃធ្វើ។ សុខនិងទុក្ខ ខ្លួនឯងធ្វើខ្លះ អ្នកដទៃធ្វើខ្លះ។ សុខនិងទុក្ខ មិនមែនខ្លួនឯងធ្វើ មិនមែនអ្នកដទៃធ្វើ គឺកើតឡើងដោយឥតហេតុ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ។
[១២៤] ម្នាលចុន្ទ បណ្តាពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ ពួកសមណៈ និងព្រាហ្មណ៍ណា ធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈទៀង ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ តថាគត ក៏ចូលទៅរកពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ការយល់ឃើញថា ខ្លួននិងលោក ជាសភាវៈទៀងនេះ អ្នកនិយាយមែនឬ។ ពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ បាននិយាយ នូវពាក្យណាយ៉ាងនេះថា ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ។ តថាគត ក៏មិនយល់តាមពាក្យនោះ របស់ពួកសមណៈ និងព្រាហ្មណ៍នោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។
ID: 636817258683925141
ទៅកាន់ទំព័រ៖