ព្រះត្រៃបិដក ភាគ ១៨
ម្នាលចុន្ទ ព្រោះថា គង់មានសត្វពួក១ មានសេចក្តីសំគាល់ដោយឡែក ក្នុងដំណើរនេះដែរ។ ម្នាលចុន្ទ តថាគត ពិចារណាមិនឃើញបុគ្គលស្មើដោយញាណ ដ៏ស្មើរបស់តថាគត ដោយបញ្ញត្តិនេះសោះ មានពីណាក្រៃលែងជាង មានតែតថាគតហ្នឹងឯង ក្រៃលែង (ជាងគេ) ក្នុងអធិបញ្ញត្តិទាំងនោះ។
[១២៥] ម្នាលចុន្ទ បណ្តាពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ ពួកសមណៈ និងព្រាហ្មណ៍ណា ធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈមិនទៀង។ សេចក្តីសង្ខេប។ ខ្លួន និងលោក ជាសភាវៈទៀងខ្លះ មិនទៀងខ្លះ។ ខ្លួន និងលោក ជាសភាវៈទៀងក៏មិនមែន មិនទៀងក៏មិនមែន។ ខ្លួននិងលោក ខ្លួនឯងធ្វើ។ ខ្លួននិងលោក អ្នកដទៃធ្វើ។ ខ្លួននិងលោក ខ្លួនឯងធ្វើក៏មាន អ្នកដទៃធ្វើក៏មាន។ ខ្លួននិងលោក ខ្លួនឯងតាក់តែង ក៏មិនមែន អ្នកដទៃតាក់តែងក៏មិនមែន កើតឡើងដោយឥតហេតុ។ សុខនិងទុក្ខ ជាធម្មជាតទៀង។ សុខនិងទុក្ខ ជាធម្មជាតមិនទៀង។ សុខនិងទុក្ខ ជាធម្មជាតទៀងខ្លះ មិនទៀងខ្លះ។ សុខនិងទុក្ខ ជាធម្មជាតទៀងក៏មិនមែន មិនទៀងក៏មិនមែន។
ID: 636817259095188664
ទៅកាន់ទំព័រ៖