ព្រះត្រៃបិដក ភាគ ១៨

ខ្លួន​មិន​មាន​រូប​។​ ​ខ្លួន​មាន​រូប​ក៏​មាន​ ​ឥត​រូប​ក៏​មាន​។​ ​ខ្លួន​មាន​រូប​ក៏​មិនមែន​ ​ឥត​រូប​ក៏​មិនមែន​។​ ​ខ្លួន​មាន​សញ្ញា​។​ ​ខ្លួន​មិន​មាន​សញ្ញា​។​ ​ខ្លួន​មាន​សញ្ញា​ក៏​មាន​ ​ឥត​សញ្ញា​ក៏​មាន​។​ ​ខ្លួន​មាន​សញ្ញា​ក៏​មិនមែន​ ​ឥត​សញ្ញា​ក៏​មិនមែន​។​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ខ្លួន​រមែង​ដាច់​សូន្យ​ទៅ​ ​វិនាស​ទៅ​ ​មិនកើត​ទៀត​ ​ការយល់ឃើញ​នេះឯង​ ​ជា​ការពិត​ ​ពាក្យ​ពួក​មនុស្សដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​ ​ដូច្នេះ​។​ ​ម្នាល​ចុន្ទ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ធ្លាប់​និយាយ​យ៉ាងនេះ​ ​ធ្លាប់​យល់ឃើញ​យ៉ាងនេះ​ថា​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ខ្លួន​នៅ​មាន​រូប​ ​មិន​មាន​រោគ​ ​ការយល់ឃើញ​នេះឯង​ ​ជា​ការពិត​ ​ពាក្យ​ពួក​មនុស្សដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​ ​ដូច្នេះ​ ​តថាគត​ ​ក៏​ចូល​ទៅ​រក​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ខ្លួន​នៅ​មាន​រូប​ ​មិន​មាន​រោគ​ ​នេះ​អ្នក​និយាយ​មែន​ឬ​។​ ​មួយទៀត​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​បាន​និយាយ​ពាក្យ​ណា​ ​យ៉ាងនេះ​ថា​ ​ការយល់ឃើញ​នេះឯង​ ​ជា​ការពិត​ ​ពាក្យ​ពួក​មនុស្សដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ទទេ​។​ ​តថាគត​ ​មិន​យល់តាម​ពាក្យ​នោះ​ ​របស់​ពួក​សមណព្រាហ្មណ៍​នោះ​ទេ​។​ ​ដំណើរ​នុ៎ះ​ ​ព្រោះ​ហេតុអ្វី​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636817259937336832
ទៅកាន់ទំព័រ៖