ព្រះត្រៃបិដក ភាគ ១៨

សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ឆ្លើយ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រារព្ធ​ព្យាករណ៍​ ​នូវ​អ​ចេ​លបា​ដិក​បុត្រ​ ​ប្រាប់​ខ្ញុំ​ព្រះអង្គ​យ៉ាងណា​ ​ផលវិបាក​នោះ​ ​ក៏​ពិត​ដូច្នោះ​មែន​ ​មិនបាន​ទៅជា​ដទៃ​វិញ​ទេ​។​ ​តថាគត​សួរ​ថា​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ថាដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​តើត​ថា​គត​ ​ឈ្មោះថា​បាន​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ ​ក្រៃលែង​ជាង​ធម៌​របស់​មនុស្ស​ ​ឬមិន​បាន​ធ្វើ​ទេ​។​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ឆ្លើយតប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​ឈ្មោះថា​ ​ព្រះអង្គ​បាន​ធ្វើ​ ​នូវ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ ​ក្រៃលែង​ជាង​ធម៌​របស់​មនុស្ស​ពិតមែនហើយ​ ​មិនមែន​ជា​ព្រះអង្គ​មិនបាន​ធ្វើ​ទេ​។​ ​តថាគត​តប​ថា​ ​ម្នាល​មោឃបុរស​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​អ្នក​នៅតែ​និយាយ​នឹង​តថាគត​ ​ដែល​ជា​អ្នកធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ ​ក្រៃលែង​ជាង​ធម៌​របស់​មនុស្ស​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​មិន​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ ​ក្រៃលែង​ជាង​ធម៌​របស់​មនុស្ស​ ​ដល់​ខ្ញុំ​ព្រះអង្គ​ទេ​។​ ​តថាគត​ពោល​ថា​ ​ម្នាល​មោឃបុរស​ ​អ្នក​ចូរ​មើលចុះ​ ​អំពើ​នេះ​ ​ជា​សេចក្តី​ខុស​របស់​អ្នក​។​ ​ម្នា​លភ​គ្គ​វៈ​ ​ឯ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​កាលដែល​តថាគត​ស្តី​ឲ្យ​យ៉ាងនេះ​ហើយ​ ​ក៏​គេច​ចេញ​ចាក​ធម្មវិន័យ​នេះ​ ​ដូចជា​សត្វ​ដែល​ទៅ​កើត​ក្នុង​អបាយ​ ​ឬទៅ​កើត​ក្នុង​នរក​។
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636817153659928112
ទៅកាន់ទំព័រ៖