ព្រះត្រៃបិដក ភាគ ១៨
បានទៅកើតក្នុងវិមាននោះ ក៏ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅអស់កាលយូរអង្វែង
(១) ។ សត្វម្នាក់នោះ ដែលទៅកើតក្នុងវិមាននោះតែម្នាក់ឯង នៅអស់កាលជាយូរអង្វែងទៅ ក៏មានសេចក្តីប្រាថ្នា សេចក្តីអន្ទះអន្ទែងដោយតណ្ហាកើតឡើង ដូច្នេះថា ធ្វើដូចម្តេចហ្ន៎ ឲ្យបានពួកសត្វដទៃ មកកាន់អត្តភាពជាព្រហ្មនេះផង។ លំដាប់នោះឯង ពួកសត្វដទៃច្យុតចាកពួកអាភស្សរព្រហ្ម ព្រោះអស់អាយុ ឬបុណ្យ ហើយមកកើតក្នុងវិមាន ដែលសូន្យ ជាមួយនឹងសត្វនោះដែរ ឯសត្វទាំងនោះ លុះកើតក្នុងព្រហ្មវិមាននោះហើយ ក៏ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅអស់កាលយូរអង្វែង។ ម្នាលអាវុសោទាំងឡាយ បណ្តាសត្វទាំងនោះ សត្វណា បានទៅកើតជាដម្បូង សត្វនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញជាព្រហ្ម ជាមហាព្រហ្ម គ្របសង្កត់នូវសត្វឯទៀតៗបាន សត្វឯទៀតៗ មិនអាចគ្របសង្កត់លើអាត្មាអញបានឡើយ អាត្មាអញ ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួងឲ្យលុះក្នុងអំណាចខ្លួន ជាធំ (ក្នុងលោក) ជាអ្នកសាងលោក
(១) ក្នុងព្រហ្មជាលសុត្តវណ្ណនា មានសេចក្តីពន្យល់ថា ឋិតនៅអស់១កល្ប ឬកន្លះកល្ប។
ID: 636817154787312595
ទៅកាន់ទំព័រ៖