ព្រះត្រៃបិដក ភាគ ១៨
ជាធម្មតា ហួសវេលាហើយ សតិក៏ភ្លេចវង្វេងទៅ (ខានបរិភោគអាហារ) កាលបើសតិភ្លេចវង្វេងហើយ ទេវតាទាំងនោះ ក៏ច្យុតចាកកាយនោះមក។ ម្នាលអាវុសោទាំងឡាយ ហេតុនោះ តែងមានប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាកកាយនោះ បានមកកាន់អត្តភាពជាមនុស្សនេះ លុះបានមកកាន់អត្តភាពជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ ក៏អាស្រ័យនូវព្យាយាម ជាគ្រឿងដុតកំដៅ(កិលេស) អាស្រ័យនូវព្យាយាម ជាគ្រឿងតម្កល់មាំ អាស្រ័យនូវព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកក្នុងចិត្តដោយល្អ ក៏បាននូវចេតោសមាធិ តាមបែបនៃចិត្តរបស់ព្រះយោគី ដែលតាំងនៅខ្ជាប់ខ្ជួន ដោយសមាធិ ហើយរលឹកឃើញនូវខន្ធ ដែលសត្វអាស្រ័យនៅហើយ ក្នុងកាលមុននោះ កំណត់ត្រឹមតែអត្តភាពជាព្រហ្មនោះប៉ុណ្ណោះ មិនអាចរលឹកឃើញ នូវខន្ធហួសអំពីនោះទៅទៀតបានឡើយ។ សត្វនោះឯង និយាយយ៉ាងនេះថា ទេវតាទាំងឡាយដ៏ចំរើនណា មិនមែនឈ្មោះ ខិឌ្ឌាបទោសិកា ទេវតាទាំងនោះ ជាអ្នកមិនខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលាឡើយ កាលដែលទេវតាទាំងនោះ មិនខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលាទេ
ID: 636817156185762582
ទៅកាន់ទំព័រ៖