ព្រះត្រៃបិដក ភាគ ១៨
សតិ ក៏មិនភ្លេចវង្វេង កាលបើសតិមិនភ្លេចវង្វេងហើយ ទេវតាទាំងនោះ ក៏មិនច្យុតចាកកាយនោះឡើយ ជាទេវតាទៀងទាត់ឋិតថេរ មានអាយុវែង មានសេចក្តីមិនប្រែប្រួលជាធម្មតា តែងឋិតនៅដូចជាសស្សតិវត្ថុ។ ចំណែកយើងទាំងឡាយណា ជាខិឌ្ឌាបទោសិកា យើងទាំងនោះ ជាអ្នកខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលា កាលដែលយើងទាំងនោះ កំពុងខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលាហើយ សតិក៏ភ្លេចវង្វេងទៅ កាលបើសតិភ្លេចវង្វេងហើយ ពួកយើងទាំងនោះ ក៏ច្យុតចាកកាយនោះ ជាទេវតាមិនទៀងទាត់ឋិតថេរទេ មានអាយុតិច មានកិរិយាច្យុតជាធម្មតា បានជាមកកាន់អត្តភាពជាមនុស្សនេះ។ តថាគត សួរសមណព្រាហ្មណ៍ទាំងនោះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នកទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះខិឌ្ឌាបទោសិកាជាមូល មានប្រការយ៉ាងនេះឬ។ សមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាងនេះថា ម្នាលអាវុសោគោតម ព្រះគោតមមានអាយុ ពោលយ៉ាងណា យើងទាំងឡាយ ក៏បានឮមកយ៉ាងនោះដែរ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង។បេ។ កាលដែលតថាគត ដឹងច្បាស់នូវសេចក្តីរលត់នៃកិលេសហើយ ក៏មិនដល់នូវសេចក្តីវិនាសឡើយ។
ID: 636817157475896373
ទៅកាន់ទំព័រ៖