ព្រះត្រៃបិដក ភាគ ១៨
ចំណែកយើងទាំងឡាយណា ឈ្មោះថា មនោបទោសិកាទេវតា យើងទាំងនោះ បានសំឡក់រិះគន់គ្នានឹងគ្នា ហួសវេលា កាលដែលយើងទាំងនោះ សំឡក់រិះគន់គ្នានឹងគ្នា ហួសវេលាហើយ ក៏បានធ្វើចិត្តឲ្យប្រទូស្តដល់គ្នានឹងគ្នាទៀត លុះដល់យើងទាំងនោះ មានចិត្តប្រទូស្តដល់គ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត យើងទាំងឡាយ ក៏ច្យុតចាកកាយនោះ ដោយអាការយ៉ាងនេះឯង ជាទេវតាមិនទៀងទាត់ មិនឋិតថេរ មានអាយុតិច មានការច្យុតជាធម្មតា បានជាមកកាន់អត្តភាពជាមនុស្សនេះ។ តថាគត សួរពួកសមណព្រាហ្មណ៍ទាំងនោះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នកទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះមនោបទោសិកាជាមូល មានប្រការយ៉ាងនេះឬ។ សមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាងនេះថា ម្នាលអាវុសោគោតម ព្រះគោតមមានអាយុ ពោលយ៉ាងណា យើងទាំងឡាយ ក៏បានឮមកយ៉ាងនោះដែរ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង។បេ។ កាលដែលតថាគត ដឹងច្បាស់ នូវសេចក្តីរលត់ នៃកិលេសហើយ ក៏មិនដល់នូវសេចក្តីវិនាសឡើយ។
ID: 636817158181546734
ទៅកាន់ទំព័រ៖