ព្រះត្រៃបិដក ភាគ ១៨
ក៏បានឮមកយ៉ាងនោះដែរ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង ដឹងច្បាស់នូវគុណវិសេសលើសលុបជាងនោះផង កាលដែលតថាគតដឹងច្បាស់នូវធម៌នោះហើយ ក៏មិនបានប្រកាន់ខុសឡើយ កាលតថាគត មិនបានប្រកាន់ខុសហើយ ទើបដឹងច្បាស់នូវសេចក្តីរលត់នៃកិលេស ចំពោះខ្លួនឯង កាលដែលតថាគត ដឹងច្បាស់នូវសេចក្តីរលត់នៃកិលេសហើយ ក៏មិនដល់នូវសេចក្តីវិនាសឡើយ។
[១៧] ម្នាលភគ្គវៈ សមណព្រាហ្មណ៍ពួកមួយ ពោលបង្កាច់តថាគត ដែលមានវាទៈយ៉ាងនេះ ជាអ្នកប្រាប់យ៉ាងនេះ ដោយពាក្យមិនមាន ជាពាក្យទទេ ជាពាក្យកុហកមិនពិតថា ព្រះសមណគោតម និងពួកភិក្ខុ មានសេចក្តីសំគាល់ខុស ព្រោះព្រះសមណគោតម និយាយយ៉ាងនេះថា សម័យណា យោគីបានដល់នូវសុភវិមោក្ខ (វណ្ណកសិណ) សម័យនោះ យោគី រមែងដឹងច្បាស់នូវរបស់ទាំងពួង ដែលល្អក្តី មិនល្អក្តី ថាជារបស់មិនល្អតែមួយយ៉ាង។ ម្នាលភគ្គវៈ តថាគត ឥតបានពោលយ៉ាងនេះថា សម័យណា យោគីបានដល់នូវសុភវិមោក្ខ សម័យនោះ យោគី រមែងដឹងច្បាស់នូវរបស់ទាំងពួង ដែលល្អក្តី មិនល្អក្តី ថាជារបស់មិនល្អតែមួយយ៉ាង ដូច្នេះឡើយ។ ម្នាលភគ្គវៈ តថាគត តែងនិយាយយ៉ាងនេះថា សម័យណា យោគីបានដល់នូវសុភវិមោក្ខ សម័យនោះ យោគី រមែងដឹងច្បាស់ថាជារបស់ល្អតែមួយយ៉ាង ដូច្នេះទេតើ។
ID: 636817158951560776
ទៅកាន់ទំព័រ៖