ព្រះត្រៃបិដក ភាគ ១៨
[១៩] សម័យនោះឯង និគ្រោធបរិព្វាជក កំពុងអង្គុយជាមួយនឹងបរិព្វាជកបរិសទ្យជាច្រើន ដែលកំពុងគឹកកងរំពង មានសំឡេងហ៊ោ សំឡេងខ្លាំង និយាយតិរច្ឆានកថា មានប្រការផ្សេងៗ គឺនិយាយពីស្តេច និយាយពីចោរ និយាយពីមហាមាត្រ និយាយពីសេនា និយាយពីភ័យ និយាយពីចំបាំង និយាយពីបាយ និយាយពីទឹក និយាយពីសំពត់ និយាយពីទីដេក និយាយពីកម្រងផ្កា និយាយពីគ្រឿងក្រអូប និយាយពីញាតិ និយាយពីយាន និយាយពីស្រុក និយាយពីនិគម និយាយពីជនបទ និយាយពីក្រុង និយាយពីស្ត្រី និយាយពីបុរស និយាយពីការផឹកសុរា និយាយពីច្រកល្ហក និយាយពីកំពង់ទឹក និយាយពីបុព្វប្រេត និយាយពីរឿងផ្សេងៗ ដែលឥតប្រយោជន៍ និយាយរឿងលោក (និយាយរឿងក្អែកស កុកក្រហមជាដើម) និយាយពីសមុទ្រ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យ ដែលជាហេតុឥតប្រយោជន៍ថាដូច្នេះខ្លះ ដូច្នោះខ្លះ។ និគ្រោធបរិព្វាជក បានឃើញសន្ធានគហបតិ កំពុងដើរមកពីចម្ងាយ ក៏ហាមបរិសទ្យរបស់ខ្លួនថា ពួកអ្នកដ៏ចំរើន ចូរមានសំឡេងតិចៗ ពួកអ្នកដ៏ចំរើន កុំនិយាយគ្នាឡើយ នេះជាសាវ័ករបស់ព្រះមសណគោតម
ID: 636817160120817654
ទៅកាន់ទំព័រ៖