ព្រះត្រៃបិដក ភាគ ១៨
[២៤] និគ្រោធបរិព្វាជក ទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាន ដោយព្យាយាម ជាគ្រឿងដុតកិលេស បានបរិបូណ៌ប៉ុណ្ណេះដែរ ហេតុអ្វីក៏ព្រះមានព្រះភាគ នៅឲ្យឈ្មោះថា មានឧបក្កិលេសច្រើនយ៉ាង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ព្រោះមនុស្សមានតបវត្ត (វត្តសម្រាប់ព្យាយាមដុតកិលេស) ក្នុងលោកនេះ សមាទានតបវត្ត គេពេញចិត្ត ទាំងមានសេចក្តីត្រិះរិះអស់ហើយ ត្រឹមតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែលមនុស្សមានតបវត្ត សមាទាននូវតបវត្ត គេពេញចិត្ត ទាំងមានសេចក្តីត្រិះរិះអស់ហើយ ត្រឹមតបវត្តនោះ ម្នាលនិគ្រោធនេះឯង ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្ត។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត អ្នកនោះ លើកតែខ្លួនឯង បង្អាប់អ្នកដទៃ ព្រោះតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត សមាទាននូវតបវត្ត គេលើកតែខ្លួនឯង តែងបង្អាប់អ្នកដទៃ ព្រោះតបវត្តនោះ ម្នាលនិគ្រោធ នេះក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត មនុស្សអ្នកមានតបវត្ត សមាទាននូវតបវត្ត គេស្រវឹងជ្រប់ ដល់នូវសេចក្តីស្រវឹង ព្រោះតបវត្តនោះ។ ម្នាលនិគ្រោធ ត្រង់ដែលមនុស្សអ្នកមានតបវត្ត សមាទាននូវតបវត្ត គេស្រវឹង ជ្រប់ ដល់នូវសេចក្តីស្រវឹង ព្រោះតបវត្តនោះ ម្នាលនិគ្រោធ នេះក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត
ID: 636817163152001028
ទៅកាន់ទំព័រ៖