ព្រះត្រៃបិដក ភាគ ១៨
គេមិនឲ្យកើតសេចក្តីឫស្យា និងសេចក្តីកំណាញ់ ក្នុងត្រកូលទាំងឡាយ ដូច្នេះឡើយ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនជាអ្នកអង្គុយក្នុងទីចំភ្នែកមនុស្ស គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនដើរបង្ហាញខ្លួន ក្នុងត្រកូលទាំងឡាយថា ការនេះជាតបវត្តរបស់អាត្មាដែរ ការនេះជាតបវត្តរបស់អាត្មាដែរ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនអាស្រ័យការបិទបាំងនីមួយ បើមានគេសួរអ្នកនោះថា ការនេះគាប់ចិត្តលោកឬ បើការនោះមិនគាប់ចិត្តខ្លួន ក៏និយាយថា មិនគាប់ចិត្ត របស់នេះគួរដល់អ្នក ឬប្រាប់នូវរបស់ដែលមិនគួរថា មិនគួរ បើការនោះខ្លួនគាប់ចិត្ត ក៏និយាយថា គាប់ចិត្ត។ អ្នកនោះមិនបាននិយាយកុហកទាំងដឹងខ្លួន គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត កាលតថាគត ឬសាវ័ករបស់តថាគត កំពុងសំដែងធម៌ រមែងអនុមោទនា នូវបរិយាយដែលគួរអនុមោទនា គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។
ID: 636817165917589210
ទៅកាន់ទំព័រ៖