ព្រះត្រៃបិដក ភាគ ១៨
កិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ឈ្មោះថា ដល់កំពូលធម៌ ឬដល់ខ្លឹមធម៌នៅឡើយទេ គ្រាន់តែដល់ត្រឹម សំបកធម៌ ប៉ុណ្ណោះ ទេ។
[២៧] និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ចុះការខ្ពើមបាប ដោយព្យាយាម ជាគ្រឿងដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងឲ្យដល់កំពូល ឲ្យដល់ខ្លឹមសាររបស់ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសតែម្តង ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្ត ក្នុងលោកនេះ ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូចម្តេច។បេ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង រមែងមានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួនជាអ្នកមានតបវត្ត។ គេខំប្រឹងបំពេញសីល មិនត្រឡប់មកដើម្បីភេទថោកទាប។ គេអាស្រ័យសេពសេនាសនៈស្ងាត់។បេ។
ID: 636817167589124817
ទៅកាន់ទំព័រ៖