ព្រះត្រៃបិដក ភាគ ១៨
គេបានលះនីវរណធម៌ទាំង៥នេះ ដែលជាគ្រឿងធ្វើចិត្តឲ្យសៅហ្មង ជាគ្រឿងធ្វើប្រាជ្ញាឲ្យថយកំលាំង សម្រេចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។ គេរលឹកឃើញខន្ធបញ្ចកៈ ដែលបានអាស្រ័យនៅអំពីមុន ជាច្រើនជាតិ គឺមួយជាតិខ្លះ ពីរជាតិខ្លះ បីជាតិខ្លះ បួនជាតិខ្លះ ប្រាំជាតិខ្លះ។បេ។ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ មួយរយជាតិខ្លះ មួយពាន់ជាតិខ្លះ ១សែនជាតិខ្លះ ច្រើនសំវដ្តកប្ប (កប្បវិនាស)ខ្លះ ច្រើនវិវដ្តកប្ប (កប្បចំរើន)ខ្លះ ច្រើនសំវដ្តវិវដ្តកប្ប (កប្បវិនាស និងកប្បចំរើន)ខ្លះ ថា ក្នុងកាលឯណោះ អាត្មាអញ បានមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ក្នុងភពនោះឯង អាត្មាអញ បានមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុយ៉ាងនេះ
ID: 636817167815127743
ទៅកាន់ទំព័រ៖