ព្រះត្រៃបិដក ភាគ ១៨
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ ក្រុងពារាណសីនេះ នឹងប្រែឈ្មោះជា កេតុមតីរាជធានីវិញ ជារាជធានី ស្តុកស្តម្ភ ធំទូលាយ មានជនក៏ច្រើន មានមនុស្សកុះករ និងមានភិក្ខាហារដ៏សម្បូណ៌។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ ក្នុងជម្ពូទ្វីបនេះ នឹងមាននគរ៨ហ្មឺន៤ពាន់ មានកេតុមតីរាជធានី ឯងជាប្រធាន។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ នឹងមានព្រះរាជា (១ព្រះអង្គ) ព្រះនាមសង្ខៈ ទ្រង់កើតឡើង ក្នុងកេតុមតីរាជធានី ជាស្តេចចក្រពត្តិ ទ្រង់ជាធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ ជាទីបំផុត ជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទ ដល់នូវថិរភាព ទ្រង់បរិបូណ៌ដោយរ័តន៍៧ប្រការ។ ឯរ័តន៍ទាំង៧ប្រការរបស់ព្រះបាទសង្ខៈនោះ គឺចក្ករ័តន៍ ១ ហត្ថិរ័តន៍១ អស្សរ័តន៍១ មណីរ័តន៍១ ឥត្ថីរ័តន៍១ គហបតីរ័តន៍១ បរិនាយករ័តន៍១ផង ជាគំរប់៧។ ឯព្រះបាទសង្ខៈនោះ នឹងមានព្រះរាជបុត្រច្រើនជាងពាន់ សុទ្ធសឹងក្លៀវក្លា អង់អាច អាចសង្កត់សង្កិន នូវពួកសេនារបស់ស្តេចដទៃបាន។ ព្រះបាទសង្ខៈនោះ ទ្រង់ត្រួតត្រា គ្រប់គ្រងនូវផែនដី ដែលមានសាគរ ជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្ត្រាវុធទេ។
ID: 636817183567628735
ទៅកាន់ទំព័រ៖