ព្រះត្រៃបិដក ភាគ ១៨
ប្រការយ៉ាងណាៗ សេចក្តីរឹងប៉ឹង ក្នុងរាងកាយរបស់សត្វទាំងនោះ ក៏កើតឡើង ដោយក្រៃលែងលើសប្រមាណ ទាំងពណ៌សម្បុរ ក៏ប្លែកៗគ្នាប្រាកដឡើង ដោយប្រការយ៉ាងនោះៗ។ សត្វពួកខ្លះ មានសម្បុរល្អ សត្វពួកខ្លះ មានសម្បុរអាក្រក់។ បណ្តាសត្វទាំងពីរពួកនោះ ពួកសត្វណា ដែលមានសម្បុរល្អ ពួកសត្វនោះ តែងមើលងាយពួកសត្វ ដែលមានសម្បុរអាក្រក់ថា ពួកយើងមានសម្បុរល្អ លើសជាងពួកសត្វនុ៎ះ ពួកសត្វនោះ មានសម្បុរអាក្រក់ ជាងពួកយើង។ កាលសត្វទាំងឡាយនោះ មានសេចក្តីប្រកាន់ខ្លួន និងការមើលងាយកើតឡើង ព្រោះសេចក្តីមើលងាយ នូវសម្បុរគ្នាជាបច្ច័យ ឯបទាលតា ក៏សាបសូន្យទៅ។ លុះបទាលតាសាបសូន្យហើយ សត្វទាំងឡាយ ក៏មកប្រជុំគ្នា លុះមកប្រជុំគ្នាហើយ ក៏ត្អូញត្អែរថា ឱហ្ន៎ បទាលតារបស់យើងធ្លាប់មានហើយ ឱហ្ន៎ បទាលតារបស់យើង បាត់អស់ទៅហើយ។ ហេតុនោះ ក៏ដូចគ្នានឹងមនុស្សទាំងឡាយ ក្នុងកាលឥឡូវនេះដែរ ដែលធម៌ជាទុក្ខណាមួយប៉ះពាល់ ក៏និយាយគ្នាយ៉ាងនេះថា ឱហ្ន៎ យើងធ្លាប់មាន ឱហ្ន៎ យើងសាបសូន្យអស់ ហើយ។ សត្វទាំងឡាយ នាំគ្នានឹករកអក្សរ ដែលជាច្បាប់ចាស់នោះឯង ប៉ុន្តែ មិនអាចនឹងយល់សេចក្តី នៃអក្សនោះបានឡើយ។
ID: 636817223325812773
ទៅកាន់ទំព័រ៖