ព្រះត្រៃបិដក ភាគ ១៨
អ្នករក្សាទ្វារនោះ មានគំនិតយ៉ាងនេះថា ពួកសត្វដែលធំៗណាមួយ ចូលមកកាន់នគរនេះក្តី ចេញទៅវិញក្តី សត្វទាំងអស់នោះ រមែងចូលមក ឬចេញទៅតាមទ្វារនេះប៉ុណ្ណោះ សេចក្តីនេះយ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានដឹងតាមទំនងធម៌ យ៉ាងនោះដែរ ថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយ ព្រះអរហន្ត សម្មាសម្ពុទ្ធមានព្រះភាគទាំងនោះ ទ្រង់លះនូវនីវរណៈទាំង៥ប្រការ ជាឧបក្កិលេស របស់ចិត្ត ជាគ្រឿងធ្វើបញ្ញាឲ្យទុព្វភាព មានព្រះហឫទ័យតាំងខ្ជាប់ល្អ ក្នុងសតិប្បដ្ឋានទាំង៤ បានចំរើននូវសម្ពោជ្ឈង្គទាំង៧ តាមគួរដល់សេចក្តីពិត ក៏បានត្រាស់ដឹង នូវព្រះអនុត្តរសម្មាសម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចំរើន ទោះបីព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលនឹងមានក្នុងអនាគតកាល ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងអស់នោះ ទ្រង់លះនូវនីវរណៈទាំង៥ប្រការ ជាឧបក្កិលេស របស់ចិត្ត ជាគ្រឿងធ្វើបញ្ញាឲ្យទុព្វភាព មានព្រះហឫទ័យតាំងខ្ជាប់ល្អ ក្នុងសតិប្បដ្ឋានទាំង៤ បានចំរើននូវសម្ពោជ្ឈង្គទាំង៧ តាមគួរដល់សេចក្តីពិត នឹងបានត្រាស់ដឹង នូវព្រះអនុត្តរសម្មាសម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចំរើន ទោះបីព្រះមានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ
ID: 636817232796754480
ទៅកាន់ទំព័រ៖