ព្រះត្រៃបិដក ភាគ ១៨
មានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមានទីពឹងឡើយ។ កាលបើចុន្ទសមណុទ្ទេស និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏និយាយនឹងចុន្ទសមណុទ្ទេស យ៉ាងនេះថា នែចុន្ទមានអាយុ ពាក្យមានមូលហេតុនេះ គួរក្រាបបង្គំទូល ដល់ព្រះមានព្រះភាគ នែចុន្ទដ៏មានអាយុ មក យើងនឹងទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ យើងត្រូវក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ចុន្ទសមណុទ្ទេស ក៏ទទួលស្តាប់ព្រះអានន្ទមានអាយុថា បពិត្រលោកដ៏ចំរើន យ៉ាងនោះមែនហើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ និងចុន្ទសមណុទ្ទេស ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំនូវព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល នូវព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ចុន្ទសមណុទ្ទេសនេះ និយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន និគណ្ឋនាដបុត្រ ទើបនឹងធ្វើមរណកាលហើយថ្មីៗ ក្នុងក្រុងបាវា ព្រោះកាលកិរិយា នៃនិគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ បែកគ្នា។បេ។ មានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមានទីពឹងឡើយ។
ID: 636817245252196890
ទៅកាន់ទំព័រ៖