ព្រះត្រៃបិដក ភាគ ១៨
ជនពាលពួកខ្លះ ក្នុងលោកនេះ កាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ ហើយធ្វើខ្លួនឲ្យបានសុខ ឲ្យបានធាត់ធំ នេះឈ្មោះថា សុខល្លិកានុយោគទី២។ ម្នាលចុន្ទ មួយទៀត ជនពាលពួកខ្លះ ក្នុងលោកនេះ ពោលពាក្យមុសាវាទ ហើយធ្វើខ្លួនឲ្យបានសុខ ឲ្យបានធាត់ធំ នេះឈ្មោះថា សុខល្លិកានុយោគទី៣។ ម្នាលចុន្ទ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឆ្អែតស្កប់ស្កល់ បំរើដោយកាមគុណទាំង៥ នេះឈ្មោះថា សុខល្លិកានុយោគទី៤។ ម្នាលចុន្ទ សុខល្លិកានុយោគ ៤យ៉ាងនេះឯង ជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនមែនប្រកបដោយប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ
ID: 636817253314038001
ទៅកាន់ទំព័រ៖