ព្រះត្រៃបិដក ភាគ ១៨
[១១៩] ម្នាលចុន្ទ បើពាក្យដែលកន្លងហើយមិនពិត មិនមែនមិនប្រកបដោយប្រយោជន៍ តថាគត មិនព្យាករពាក្យនោះទេ។ ម្នាលចុន្ទ បើពាក្យដែលកន្លងហើយ ជាពាក្យពិតប្រាកដ (តែ) មិនប្រកបដោយប្រយោជន៍ តថាគតក៏មិនព្យាករពាក្យនោះដែរ។ ម្នាលចុន្ទ ប្រសិនបើពាក្យដែលកន្លងហើយ ជាពាក្យពិតប្រាកដ ប្រកបដោយប្រយោជន៍ តថាគតជាអ្នកដឹងកាលគួរ ក្នុងពាក្យនោះ ទើបព្យាករប្រស្នានោះ។ ម្នាលចុន្ទ បើពាក្យជាអនាគត។បេ។ ម្នាលចុន្ទ បើពាក្យជាបច្ចុប្បន្ន មិនពិតមិនមែន មិនប្រកបដោយប្រយោជន៍ តថាគត រមែងមិនព្យាករពាក្យនោះទេ។ ម្នាលចុន្ទ បើពាក្យជាបច្ចុប្បន្នដែលពិតមែន (តែ) មិនប្រកបដោយប្រយោជន៍ តថាគតរមែងមិនព្យាករពាក្យនោះទេ។ ម្នាលចុន្ទ តែបើពាក្យជាបច្ចុប្បន្ន ដែលពិតមែន ប្រកបដោយប្រយោជន៍ តថាគត ជាអ្នកដឹងកាលគួរ ក្នុងពាក្យនះ ទើបព្យាករនូវប្រស្នានោះ។ ម្នាលចុន្ទ តថាគត តែងនិយាយក្នុងកាលគួរ និយាយតែពាក្យសច្ចៈ និយាយតែពាក្យពិត និយាយតែពាក្យជាប្រយោជន៍ និយាយតែពាក្យជាធម៌ និយាយតែពាក្យជាវិន័យ ក្នុងធម៌ទាំងឡាយ ដែលជាអតីត អនាគត និងបច្ចុប្បន្ន ព្រោះហេតុនោះ បានជាហៅថា ព្រះតថាគត ដោយប្រការដូច្នេះឯង។
ID: 636817256202493212
ទៅកាន់ទំព័រ៖