ព្រះត្រៃបិដក ភាគ ១៨
ព្រះមានព្រះភាគត្រាស់តបថា ម្នាលភគ្គវគោត្រ សុនក្ខត្តលិច្ឆវិបុត្រ បាននិយាយពាក្យនុ៎ះ យ៉ាងនោះមែន ម្នាលភគ្គវគោត្រ កាលពីថ្ងៃមុនយូរថ្ងៃណាស់មកហើយ សុនក្ខត្តលិច្ឆវិបុត្រ បានចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីដ៏សមគួរ។ ម្នាលភគ្គវគោត្រ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គសូមលាព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គនឹងលែងនៅពឹងផ្អែក នឹងព្រះមានព្រះភាគហើយ។ ម្នាលភគ្គវគោត្រ កាលសុនក្ខត្តលិច្ឆវិបុត្រ និយាយយ៉ាងនេះហើយ តថាគតក៏បាននិយាយទៅនឹងសុនក្ខត្តលិច្ឆវិបុត្រ យ៉ាងនេះវិញថា ម្នាលសុនក្ខត្តៈ ចុះតថាគតមានបាននិយាយនឹងអ្នក យ៉ាងនេះថា នែសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែកនឹងតថាគតចុះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គនឹងបានមានព្រះបន្ទូលយ៉ាងនុ៎ះ នឹងខ្ញុំព្រះអង្គក៏ទេ។ តថាគតបានសួរតទៅទៀតថា ចុះអ្នកបាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងបានក្រាបទូលយ៉ាងនុ៎ះ ចំពោះព្រះអង្គក៏ទេ។
ID: 636817140110303118
ទៅកាន់ទំព័រ៖