ព្រះត្រៃបិដក ភាគ ១៨
ម្នាលភគ្គវៈ លំដាប់នោះ តថាគត បានញុំាងបរិសទ្យនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា លុះញុំាងបរិសទ្យនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ធ្វើឲ្យរួចចាកចំណងធំ ហើយស្រង់សត្វទាំង៨ហ្មឺន៤ពាន់ អំពីអន្លង់ធំ (ឱឃៈទាំង៤) រួចហើយ ចូលតេជោធាតុ ហោះទៅកាន់វេហាស៍ កំពង់ប្រមាណ៧ដើមត្នោត ទាំងបាននិម្មិតភ្លើងដទៃ កំពស់ប្រមាណ៧ដើមត្នោត ឲ្យភ្លឺរន្ទាល បញ្ចេញផ្សែង មកប្រាកដ ក្នុងកូដាគារសាលា នាព្រៃមហាវ័ន។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ បានចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីសមគួរ។ ម្នាលភគ្គវៈ កាលសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ តថាគតបានសួរយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តថាគត បានប្រារព្ធព្យាករណ៍ នូវអចេលបាដិកបុត្រ ប្រាប់អ្នកយ៉ាងណា ផលវិបាកនោះ ក៏ពិតដូច្នោះមែន មិនបានទៅជាដទៃវិញទេឬ។
ID: 636817153436035306
ទៅកាន់ទំព័រ៖