ព្រះត្រៃបិដក ភាគ ១៨
            
        
        
            
            
                
                បពិត្រព្រះអង្គដ៏ចំរើន សំដីនេះឯង ដែលពួកខ្ញុំព្រះអង្គ ឈប់បង្អង់ទាំងពាក់កណ្តាល ក៏ទទួលព្រះមានព្រះភាគ ស្តេចមកដល់។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ តថាគតទូន្មានពួកសាវ័ក ដោយធម៌ណា ពួកសាវ័ក ដែលតថាគតទូន្មានហើយ ដោយធម៌ណា ដល់នូវសេចក្តីគាប់ចិត្ត បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែលឲ្យកើតនិស្ស័យដ៏ឧត្តម អ្នកឯង ដែលមានទិដ្ឋិដោយឡែក មានសេចក្តីពេញចិត្តដោយឡែក មានសេចក្តីគាប់ចិត្តដោយឡែក មិនងាយនឹងដឹងធម៌នោះទេ វៀរលែងតែអ្នកមានព្យាយាម ជាគ្រឿងប្រកបខ្លាំង វៀរលែងតែអ្នកបានរៀនក្នុងសំណាក់អាចារ្យ (នោះទើបដឹងបាន) ម្នាលនិគ្រោធ អញ្ជើញអ្នកសួរប្រស្នាក្នុងការខ្ពើមបាប ជាអាចរិយវាទរបស់ខ្លួន នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសដូចម្តេច ឈ្មោះថាបរិបូណ៌ ដូចម្តេច ឈ្មោះថាមិនបរិបូណ៌។ កាលបើព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកបរិព្វាជកទាំងនោះ ក៏នាំគ្នាបន្លឺមានសំឡេងហ៊ោ សំឡេងខ្លាំងថា នែអ្នកដ៏ចម្រើន គួរអស្ចារ្យណាស់តើ នែអ្នកដ៏ចម្រើន ហេតុមិនដែលមានហ្ន៎ ព្រះសមណគោតម ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពខ្លាំង ព្រោះទ្រង់បញ្ឈប់វាទៈរបស់ព្រះអង្គ ទ្រង់បណ្តោយឲ្យអ្នកដទៃនិយាយវិញ។
            
            
         
        
            
                ID: 636817161773462180 
                
            
            
                ទៅកាន់ទំព័រ៖