ព្រះត្រៃបិដក ភាគ ១៩
សុត្តន្តបិដក ទីឃនិកាយ
បាដិកវគ្គ
ឆដ្ឋភាគ
លក្ខណសូត្រ ទី៧
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងវេលានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ឆ្លើយតបព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ មហាបុរស ប្រកបដោយ មហាបុរិសលក្ខណៈ ៣២ ប្រការនេះ មហាបុរស (នោះ) រមែងមានគតិ២យ៉ាង មិនមែនក្រៅពី២យ៉ាងនេះទេ គឺបើមហាបុរសនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះផ្សាយអំណាច រហូតដល់ផែនដី ដែលមានមហាសមុទ្រទាំង៤ ព័ទ្ធជុំវិញ ទ្រង់ដល់នូវភាវៈ ជាអ្នកមានជនបទដ៏មាំមួន
ID: 636818877686990786
ទៅកាន់ទំព័រ៖