ព្រះត្រៃបិដក ភាគ ១៩
ព្រោះកម្មនោះឯង ទើបតថាគត បានទៅកាន់ឋានសួគ៌ ដោយសេចក្តីសុខ សេចក្តីសម្រាន និងសេចក្តីត្រេកអរ លុះច្យុតចាកឋានសួគ៌នោះ បានមកកើតក្នុងមនុស្សលោកនេះវិញ ក៏មានផ្ទៃជើងទាំងពីររាបស្មើល្អ ជាន់ត្រូវនូវផែនដី (ដោយព្រះបាទដ៏ស្មើ)។ ពួកជនអ្នកស្គាល់លក្ខណៈ មកប្រជុំគ្នា ហើយទាយថា ព្រះតថាគត ដែលមានព្រះបាទប្រតិស្ឋានល្អ ទោះបីនៅជាគ្រហស្ថក្តី ធ្វើជាបព្វជិតក្តី ក៏ឥតញាប់ញ័រ (ដោយសត្រូវឡើយ) ព្រោះមានលក្ខណៈនោះ ជាគ្រឿងឆ្លុះបំភ្លឺសេចក្តីនោះ។ កាលបើនៅគ្រប់គ្រងគេហដ្ឋាន តែងមិនញាប់ញ័រ (ដោយសត្រូវ) អាចគ្រងសង្កត់នូវជនដទៃបាន ពួកសត្រូវក៏មិនអាចញាំញីបាន ព្រះតថាគត មិនបានតក់ស្លុតនឹងមនុស្សណាមួយ ក្នុងលោកនេះ ដោយសារផលនៃកម្មនោះឯង។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ ចូលទៅកាន់ផ្នួស រមែងពេញចិត្ត ត្រេកអរក្នុងនេក្ខម្មៈ បានជាអ្នកប្រាជ្ញា ប្រសើរបំផុត
ID: 636818880330091963
ទៅកាន់ទំព័រ៖