ព្រះត្រៃបិដក ភាគ ១៩

តែ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​មក​ថា​ ​មាន​ព្រះ​នាម​ដូច​ៗ​គ្នា​ ​ព្រះរាជ​បុត្ត​ទាំង៩១ព្រះអង្គ​ ​មាន​ព្រះនាម​ថា​ឥន្ទៈ​ ​ទ្រង់​មាន​កំឡាំង​ច្រើន​។​ ​ឯ​ព្រះរាជ​បុត្ត​ទាំងនោះ​ ​លុះ​បានឃើញ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​ភ្ញាក់​ហើយ​ ​ចាក​ការ​ដេកលក់​ ​គឺ​អវិជ្ជា​ ​ប្រសើរ​ ​(​ដោយ​គុណ​)​ ​ឥតមាន​សេចក្តី​ព្រឺ​ស្ញើប​ ​ក៏​នាំគ្នា​នមស្ការ​អំពី​ចម្ងាយ​។​ ​បពិត្រ​ព្រះអង្គ​ ​ជា​បុរស​អាជានេយ្យ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​នមស្ការ​ចំពោះ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ ​ជា​បុរស​ឧត្តម​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​នមស្ការ​ ​ចំពោះ​ព្រះអង្គ​ ​សូម្បី​អមនុស្ស​ទាំងឡាយ​ ​ក៏​រមែង​ថ្វាយបង្គំ​ព្រះអង្គ​ថា​ ​ព្រះអង្គ​ទតព្រះនេត្រ​មើល​មហាជន​ ​ដោយ​សព្វញ្ញុ​ត្ត​ញ្ញាណ​ដ៏​ផូរផង់​។​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​មក​យ៉ាង​នេះ​រឿយ​ៗ​ ​ព្រោះហេតុនោះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​តែង​និយាយ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​នមស្ការ​ចំពោះ​ព្រះ​ជិនស្រី​ ​ជា​គោតម​គោត្រ​ឬ​ ​ព្រះរាជ​បុត្ត​ទាំងនោះ​ ​តប​ថា​ ​យើង​ទាំងឡាយ​ ​នមស្ការ​ចំពោះ​ព្រះ​ជិនស្រី​ ​ជា​គោតម​គោត្រ​ ​យើង​ទាំងឡាយ​ ​នមស្ការ​ចំពោះ​ព្រះពុទ្ធ​ ​ជា​គោតម​គោត្រ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​។​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636818914981103887
ទៅកាន់ទំព័រ៖