ព្រះត្រៃបិដក ភាគ ១៩
កូនស្រីរបស់យក្ខក្តី មហាមាត្ររបស់យក្ខក្តី បរិស័ទរបស់យក្ខក្តី អ្នកបំរើរបស់យក្ខក្តី គន្ធព្វប្រុសក្តី គន្ធព្វស្រីក្តី កូនប្រុសរបស់គន្ធព្វក្តី កូនស្រីរបស់គន្ធព្វក្តី មហាមាត្យរបស់គន្ធព្វក្តី បរិស័ទរបស់គន្ធព្វក្តី អ្នកបំរើរបស់គន្ធព្វក្តី កុម្ភណ្ឌប្រុសក្តី កុម្ភណ្ឌស្រីក្តី កូនប្រុសរបស់កុម្ភណ្ឌក្តី កូនស្រីរបស់កុម្ភណ្ឌក្តី មហាមាត្យរបស់កុម្ភណ្ឌក្តី បរិស័ទរបស់កុម្ភណ្ឌក្តី អ្នកបំរើរបស់កុម្ភណ្ឌក្តី នាគឈ្មោលក្តី នាគញីក្តី កូនឈ្មោលរបស់នាគក្តី កូនញីរបស់នាគក្តី មហាមាត្យរបស់នាគក្តី បរិស័ទរបស់នាគក្តី អ្នកបំរើរបស់នាគក្តី ជាអ្នកមានចិត្តប្រទូស្ត ដើរទៅតាមភិក្ខុ ឬភិក្ខុនី ឧបាសក ឧបាសិកា ដែលកំពុងដើរ ឬឈរជិតភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែលកំពុងឈរ ឬអង្គុយជិតភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែលកំពុងអង្គុយ ឬដេកជិតភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែលកំពុងដេក។ អមនុស្សនោះ ត្រូវបុគ្គលពោលទោស កន្ទក់កន្ទេញ ត្រូវស្រែកប្តឹងដល់ពួកយក្ស ពួកយក្ខជាធំ ពួកសេនាបតី ពួកសេនាបតីជាធំ ទាំងអម្បាលនេះថា យក្ខនេះចាប់គេ យក្ខនេះចូលគេ យក្ខនេះបៀតបៀនគេ យក្ខនេះបៀតបៀនផ្សេងៗ យក្ខនេះធ្វើទុក្ខគេ យក្ខនេះធ្វើឲ្យគេលំបាក យក្ខនេះមិនលែងគេ។
ID: 636818915999712148
ទៅកាន់ទំព័រ៖