ព្រះត្រៃបិដក ភាគ ១៩
បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយឥឡូវនេះ ពួកខ្ញុំព្រះអង្គមានរវល់ច្រើន មានកិច្ចគួរធ្វើច្រើន ខ្ញុំព្រះអង្គសូមថ្វាយបង្គំលា។ តថាគតពោលតបថា បពិត្រមហារាជ សូមព្រះអង្គទ្រង់កំណត់កាលគួរ ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ស្តេចជាធំទាំង៤ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់ទៅ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ យក្ខទាំងអម្បាលនោះឯង លុះក្រោកចាកអាសនៈហើយ ពួកខ្លះថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់ទៅ ក្នុងទីនោះ ពួកខ្លះគ្រាន់តែពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងតថាគត លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ហើយក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែប្រណម្យអញ្ជលីចំពោះតថាគតហើយ ក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រហើយក៏បាត់ទៅ ក្នុងទីនោះ ពួកខ្លះគ្រាន់តែស្ងៀមៗ ហើយក៏បាត់ទៅក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររៀនព្រះបរិត្តសម្រាប់រក្សាក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទន្ទេញឲ្យចាំស្ទាត់ នូវព្រះបរិត្តសម្រាប់រក្សា ក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ
ID: 636818918087091540
ទៅកាន់ទំព័រ៖