ព្រះត្រៃបិដក ភាគ ១៩
សង្គីតិសូត្រ ទី១០
[៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើន គឺភិក្ខុប្រមាណ ៥០០ រូប ទ្រង់ស្តេចទៅដល់ក្រុងឈ្មោះបាវា របស់មល្លក្សត្រទាំងឡាយ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុងអម្ពវ័នរបស់ នាយចុន្ទកម្មារបុត្ត (ជាកូនជាងលោហជាតិ) ទៀបក្រុងបាវានោះ។
[៩៣] សម័យនោះឯង ពួកមល្លក្សត្រនៅក្នុងក្រុងបាវា បានសាងនូវសណ្ឋាគារថ្មីៗ ឈ្មោះ ឧព្ភតកៈ មិនទាន់អស់កាលយូរប៉ុន្មាន សមណៈ ឬព្រាហ្មណ៍ ឬជាតិមនុស្សណាមួយ ក៏មិនទាន់បាននៅអាស្រ័យនៅឡើយ។ ពួកមល្លក្សត្រ អ្នកនៅក្នុងក្រុងបាវា បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើន គឺភិក្ខុប្រមាណ៥០០រូប ទ្រង់ស្តេចមកដល់ក្រុងបាវា គង់នៅក្នុងអម្ពវ័ន របស់នាយចុន្ទកម្មារបុត្ត ទៀបក្រុងបាវា។ ទើបពួកមល្លក្សត្រ អ្នកនៅក្នុងក្រុងបាវា បានចូលទៅគាល់ព្រះមានព្រះភាគ
ID: 636818918704806871
ទៅកាន់ទំព័រ៖