ព្រះត្រៃបិដក ភាគ ១៩
លុះចូលទៅដល់ហើយ បានអភិវាទព្រះមានព្រះភាគហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះពួកមល្លក្សត្រ អ្នកក្រុងបាវា អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ពួកមល្លក្សត្រអ្នកក្រុងបាវា បានសាងនូវសណ្ឋាគារថ្មី ឈ្មោះ ឧព្ភតកៈ មិនទាន់អស់កាលយូរប៉ុន្មានក្នុងទីនេះ សមណៈ ឬព្រាហ្មណ៍ ឬជាតិមនុស្សណាមួយ ក៏មិនទាន់បាននៅអាស្រ័យនៅឡើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់ប្រើប្រាស់សណ្ឋាគារនោះ ជាមុនចុះ លុះព្រះមានព្រះភាគ ប្រើប្រាស់ជាមុនរួចហើយ ពួកមល្លក្សត្រ អ្នកក្រុងបាវា នឹងបានប្រើប្រាស់ជាខាងក្រោយ ការប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកមល្លក្សត្រ អ្នកក្រុងបាវា អស់កាលជាយូរអង្វែង។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះឯង ពួកមល្លក្សត្រ អ្នកក្រុងបាវាដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក៏ក្រោកចាកអាសនៈហើយ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅរកសណ្ឋាគារ លុះចូលទៅដល់ហើយ បានក្រាលកម្រាល ក្នុងសណ្ឋាគារពេញទាំងអស់ ហើយតាក់តែងអាសនៈទាំងឡាយ តម្កល់ក្អមទឹក អុចប្រទីបប្រេងរួចហើយ ក៏នាំគ្នាចូល
ID: 636818918971342116
ទៅកាន់ទំព័រ៖